Bun Park

ធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកនិយាយដ៏ពូកែម្នាក់?

មនុស្សដែលពូកែនិយាយស្ដីទទួលបានលាភសក្ការៈជាច្រើននៅក្នុងជីវិតរបស់គាត់ ដោយសារតែគាត់មានតិចនិចក្នុងការនិយាយ ហើយវាពិតជាល្អនៅក្នុងវិស័យអាជីវកម្មដ៏ដូចជាអាជីពការងារផងដែរ។ លោក ប៊ុន ផាក នាយកប្រតិបត្តិក្រុមហ៊ុន ខេម៉ាហ្ស៊ូន បានលើកយក ៥ ចំណុចមកបង្ហាញដើម្បីធ្វើអោយយើងក្លាយជាមនុស្សពូកែនិយាយ ៖

១. បំបាត់ភាពភ័យខ្លាច
ឧបសគ្គទី១ដែលមនុស្សជួបប្រទះក្នុងការបង្ហាញអារម្មណ៍គឺភាពភ័យខ្លាច ដូច្នេះដើម្បីក្លាយជាមនុស្សពូកែនិយាយបានមនុស្សគ្រប់គ្នាត្រូវបំបាត់នូវភាពភ័យខ្លាចរបស់ខ្លួនជាមុនសិន ដើម្បីអោយការនិយាយរបស់យើងទៅបានដោយរលូនហើយភាសាដែលយើងចង់បង្ហាញទៅកាន់មនុស្សជុំវិញខ្លួនក៏ប្រសើរជាងមុនដែរ ព្រោះថាភាពភ័យខ្លាចបានធ្វើអោយយើងបាត់បង់ទំនុកចិត្តនៅក្នុងការនិយាយស្ដី ហើយមនុស្សដែលមានទំនុកចិត្តអាចបង្ហាញចេញនូវគំនិតដែលខ្លួនមានទៅកាន់មនុស្សជុំវិញខ្លួនបានទាំងស្រុង។

២. ដឹងពីអ្វីដែលខ្លួនឯងនិយាយ
ប្រសិនបើអ្នកទាំងអស់គ្នាចង់បញ្ជូនសារអ្វីមួយទៅកាន់អ្នកស្ដាប់ ប្រាកដណាស់អ្នកទាំងអស់គ្នាត្រូវដឹងច្បាស់អំពីអ្វីដែលអ្នកទាំងអស់គ្នាត្រូវបង្ហាញជូន ពីព្រោះថាប្រសិនបើយើងមិនដឹងថាខ្លួនឯងចង់និយាយអ្វីទេ វាពិបាកណាស់ក្នុងការបញ្ជូនសារទាំងអស់នោះទៅកាន់អ្នកស្ដាប់ អីចឹងមុននឹងក្លាយទៅជាមនុស្សពូកែនិយាយបាន អ្នកទាំងអស់គ្នាត្រូវវឹកហាត់ក្នុងរយៈពេលមួយថ្ងៃមួយនាទីដើម្បីនិយាយរឿងមួយអោយច្បាស់ព្រោះប្រសិនបើយើងមិនអាចនិយាយរឿងមួយអោយច្បាស់បានទេទោះបីជារឿងនោះសំខាន់ប៉ុណ្ណាក៏មិនអាចបញ្ជូនទៅដល់អ្នកស្ដាប់អោយបានច្បាស់លាស់នោះដែរ។

៣. ហាត់សមនៅមុខកាមេរ៉ា
អ្នកត្រូវឹកហាត់និយាយនៅចំពោះមុខកាមេរ៉ាមិនមែនវឹកហាត់នៅមុខកញ្ចក់ដូចអ្វីដែលអ្នកទាំងអស់គ្នាធ្លាប់លឺគេនិយាយនោះទេ។ អ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមថតសកម្មភាពខ្លួនឯងនិយាយហើយមើលវាឡើងវិញដើម្បីស្វែងរកកំហុសឆ្គងឬចំណុចកន្លែងណាខ្លះដែលអាចកែកុនឡើងវិញបានដូចជាក្រសែភ្នែក កាយវិកា និងចំណុចជាច្រើនទៀតដែលអ្នកទាំងអស់គ្នាអាចកែឡើងវិញបាន។

៤. និទានរឿង
អ្នកទាំងអស់គ្នាត្រូវដឹងថាការនិយាយដែលល្អមានលំដាប់លំដោយក្នុងការនិយាយ។ វាមានសេចក្ដីផ្ដើម តួសេចក្ដី និងសេចក្ដីបញ្ចប់ដូចអ្វីដែលអ្នកទាំងអស់គ្នាធ្វើក្នុងការសរសេរតែងសេចក្ដីអីចឹង។ ដូច្នេះមុននឹងធ្វើអោយអ្នកដទៃចាប់អារម្មណ៍នៅរឿងដែលយើងកំពុងនិយាយ យើងត្រូវលើករឿងមួយយកមកនិទានសិនព្រោះមនុស្សចូលចិត្តស្ដាប់នៅរឿងនិទានដែលអាចជារឿងរបស់អ្នកទាំងអស់គ្នាខ្លួនឯង ឬ រឿងរបស់អ្នកដទៃនៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមក្បាលដំបូង។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមរៀនស្ដាប់អោយបានច្រើនដើម្បីប្រមូលផ្ដុំរឿងរ៉ាវផ្សេងៗដើម្បីយកមកចែករំលែកដល់អ្នកស្ដាប់របស់អ្នកទាំងអស់គ្នា។ ប្រសិនបើអ្នកទាំងអស់គ្នាមិនដឹងរឿងច្រើនទេ ប្រាកដណាស់អ្នកទាំងអស់គ្នានឹងគ្មានរឿងរ៉ាវអ្វីយកមកចែករំលែកនោះទេ ហើយកុំគិតថាអ្នកខ្លះកើតមកមានដុងពូកែនិយាយស្រាប់ព្រោះមនុស្សម្នាក់ៗសុទ្ធតែត្រូវការហ្វឹកហាត់ដើម្បីក្លាយជាមនុស្សពូកែនិយាយ។

៥. ស្គាល់អ្នកស្ដាប់
អ្នកទាំងអស់គ្នាត្រូវដឹងថាទោះជាអ្នកនិយាយប៉ិនប្រសប់យ៉ាងណាក៏ដោយ តែបើរឿងរ៉ាវដែលអ្នកទាំងអស់គ្នាបញ្ជូនទៅមិនមានអ្វីទាក់ទងជាមួយអ្នកស្ដាប់ទេ សារដែលអ្នកទាំងអស់គ្នាបញ្ជូនទៅគឺប្រាកដណាស់មិនមានប្រសិទ្ធភាពនោះទេ។ ដូច្នេះយើងត្រូវដឹងអោយច្បាស់ថាអ្នកណាជាអ្នកស្ដាប់ តើគាត់ជានិស្សិត ឬ ជាអ្នករកស៊ី ឬ ជាមនុស្សក្នុងវិស័យណា ហើយចាប់អារម្មណ៍ស្ដាប់ទៅលើរឿងរ៉ាវអ្វី។

តើអ្នកមានតិចនិចអ្វីបន្ថែមដើម្បីចែករំលែកដែរឬទេ?​ បើមាន សូមចែករំលែកខាងក្រោម!

ចែករំលែកអត្ថបទនេះ

Share on facebook
Share on linkedin
Share on twitter
Share on email
Share on print

អ្នកអាចនឹងចូលចិត្ត

500-Dollar-Startup

500$ Start-up